កម្លាំងនៃមហិច្ឆតា
មនុស្សមួយចំនួនតែងយល់ច្រឡំថា មហិច្ឆតាគឺជាការលោភលន់ ប៉ុន្ដែការយល់ឃើញបែបនេះមិនត្រឹមត្រូវនោះទេ។ មហិច្ឆតា និងការលោភលន់ គឺជារឿងពីរខុសគ្នាស្រឡះ។ លោកសេង រិទ្ធី សហស្ថាបនិក និងនាយកសាលាអន្ដរជាតិហ្គោលដិនប្រ៊ីជភ្នំពេញ បានលើកឡើងថា មហិច្ឆតា គឺជាតម្រូវការដំបូងបំផុត សម្រាប់សកម្មភាពគ្រប់យ៉ាង ពោលគឺ បើគ្មានមហិច្ឆតាគឺគ្មានសកម្មភាព។ យ៉ាងណាមិញ លោកបានបន្ដថា ដើម្បីសម្រេចអ្វីមួយទៅបាន យើងត្រូវមានការតាំងចិត្តខ្ពស់ ហើយត្រូវសួរខ្លួនឯងថា ”តើខ្ញុំមានមហិច្ឆតាចង់ធ្វើអ្វី? តើខ្ញុំចង់សម្រេចបានអ្វីខ្លះ? តើអ្វីខ្លះដែលត្រូវកែប្រែ ដើម្បីសម្រេចគោលបំណងនេះបាន?”។
លោករិទ្ធីបានគូសបញ្ជាក់ថា កើតមកជាមនុស្សត្រូវតែមាន សេចក្តីស្រេកឃ្លាន ក្នុងការកែប្រែជីវិតខ្លួនឯង។ មនុស្សមួយចំនួនមានជីវិត ហាក់ដូចជាដេកលក់ពាក់កណ្តាល ស្វាងពាក់កណ្តាលអញ្ចឹង។ មនុស្សបែបនេះ ជាមនុស្សដែលមិនអាចកែប្រែខ្លួនឯងបានឡើយ ព្រោះមួយថ្ងៃៗពួកគេធ្វើតែរឿងដដែលៗ ដោយមិនដឹងថា ខ្លួនឯងចូលចិត្តអ្វីអោយពិតប្រាកដ ហើយគ្មានភាពរីករាយនឹង អ្វីដែលខ្លួនកំពុងធ្វើសោះឡើយ។
លោកបានបន្តថា មនុស្សប្រភេទនេះហើយ ដែលជាមនុស្សខ្វះមហិច្ឆតានៅក្នុងខ្លួន។ ពួកគាត់ខ្វះខាតនូវការឲ្យតម្លៃដល់ខ្លួនឯង មើលមិនឃើញភាពវិជ្ជមានរបស់ខ្លួន មើលមិនឃើញថា ខ្លួនអាចធ្វើអ្វីឲ្យមានន័យជាងនេះសម្រាប់ជីវិត។
ដូច្នេះ ចូរអ្នកចាំថា អ្វីៗទាំងអស់កើតឡើងបានដោយសារមហិច្ឆតា។ តួយ៉ាង ជាងច្នៃម៉ូតសម្លៀកបំពាក់ បើគ្មានមហិច្ឆតាចង់ច្នៃម៉ូតឲ្យប្រណិត ឡូយឆាយទេ គាត់ប្រាកដជាគិតមិនឃើញថា តើត្រូវធ្វើបែបណា ដើម្បីច្នៃប្រឌិតវាចេញមកបាន។ មួយវិញទៀត មហិច្ឆតានេះហើយ ជាកម្លាំងចលករជំរុញឲ្យអ្វីៗកើតឡើងទៅបាន។ បើយើងគ្មានភាពច្បាស់លាស់ថា ចង់បានអ្វីនោះទេ យើងមិនអាចកែប្រែអ្វីៗបានទាំងអស់។
គ្មានគោលដៅ គឺគ្មានការលូតលាស់ គ្មានភាពច្បាស់លាស់គឺគ្មានការផ្លាស់ប្តូរ
លោក សេង រិទ្ធី បានផ្តល់ដំបូន្មានថា អ្នកត្រូវតែឧស្សាហ៍សួរខ្លួនឯងថា “តើខ្ញុំត្រូវបន្តធ្វើអ្វីឡើងមួយកម្រិតទៀត?”។ ទោះបីជាអ្នកគិតថា បច្ចុប្បន្ននេះ អ្នកពេញចិត្តនូវអ្វីដែលខ្លួនមានហើយក្ដី ហើយគិតថាប៉ុណ្ណឹងគ្រប់គ្រាន់ហើយក្ដី ក៏អ្នកត្រូវតែសួរខ្លួនឯងទៀតថា “តើខ្ញុំត្រូវធ្វើអ្វីទៀត បន្ទាប់ពីមានអ្វីៗគ្រប់គ្រាន់ហើយនោះ?”
លោក សេង រិទ្ធី បានសង្កត់ធ្ងន់ថា អ្នកមិនត្រូវមើលស្រាលខ្លួនឯង ដោយសារតែសមត្ថភាពរបស់អ្នក ក្នុងពេលបច្ចុប្បន្ននោះទេ។ មនុស្សមួយចំនួនមើលតែងមើលស្រាលសមត្ថភាពខ្លួនឯងជានិច្ច ពោលគឺ គំនិតពួកគេមើលឃើញតូចចង្អៀត ខ្វះខាត អន់ខ្សោយ ហើយពួកគេក៏បង្រួមមហិច្ឆតាខ្លួនបន្ដិចម្ដងៗរហូតដល់កាន់តែតូចទៅៗ។ ទាំងនេះបណ្តាលមកពី ពួកគេមើលទៅលើតែអ្វីដែលខ្លួនមិនអាចធ្វើបានក្នុងពេលបច្ចុប្បន្ន និងមើលទៅលើតែឋានៈតូចទាបរបស់ខ្លួន ដោយគ្មានជំនឿជឿជាក់ថា ខ្លួនអាចអភិវឌ្ឍជំនាញ សមត្ថភាព ចំណេះដឹង និងបទពិសោធន៍ឲ្យរីកចម្រើនបាន។ ពួកគេមើលមិនឃើញថា ខ្លួនអាចក្លាយជា មនុស្សមានសមត្ថភាពជាងមុន និងអាចរស់ក្នុងលំដាប់ប្រភេទមនុស្ស ដែលអាចសម្រេចគោលដៅបាន អាចមានអ្វីៗដែលខ្លួនប៉ងប្រាថ្នាបាន។ ដូច្នេះ ចូរអ្នកកុំបង្រួមមហិច្ឆតាខ្លួនឯងដោយសារសមត្ថភាពបច្ចុប្បន្ននេះ និងមិនត្រូវមើលស្រាលខ្លួនឯង ដោយសារភាពខ្វះខាតរបស់ខ្លួនក្នុងពេលបច្ចុប្បន្ននេះដាច់ខាត ព្រោះវាមិនពាក់ព័ន្ធទៅនឹងអនាគតរបស់អ្នកនោះទេ។ រឿងដែលសំខាន់គឺត្រូវមានគោលដៅជីវិតច្បាស់លាស់ ត្រូវដៅគោលដៅដោយខ្លួនឯង និងមានមហិច្ឆតាសម្រាប់ខ្លួនឯងដែលមិនមែនជាមហិច្ឆតា ដែលអ្នកដទៃជ្រើសរើសឲ្យយើងនោះទេ។ មហិច្ឆតារបស់អ្នកត្រូវតែចេញពីអ្នកខ្លួនឯងផ្ទាល់ តើអ្នកចង់ក្លាយជាអ្វី ហើយអ្នកចង់ធ្វើអ្វីឲ្យប្រាកដប្រជា។ អ្នកមិនត្រូវឲ្យអ្នកដទៃសម្រេចចិត្ត ជ្រើសយកមហិច្ឆតាណាមួយសម្រាប់អ្នកទេ វាប្រៀបដូចជា ឲ្យគេសម្រេចលើជោគវាសនាជីវិតអ្នកអញ្ចឹង។ អ្នកត្រូវដឹកនាំជីវិតរបស់អ្នកដោយខ្លួនអ្នកផ្ទាល់ ហើយអ្នកអាចធ្វើបាន នៅពេលដែលអ្នកមានមហិច្ឆតា និងភាពច្បាស់លាស់នៅក្នុងដំណើរសម្រេចមហិច្ឆតានេះយ៉ាងពិតប្រាកដ៕