-
មនុស្សមួយចំនួនតែងយល់ច្រឡំថា មហិច្ឆតាគឺជាការលោភលន់ ប៉ុន្ដែការយល់ឃើញបែបនេះមិនត្រឹមត្រូវនោះទេ។ មហិច្ឆតា និងការលោភលន់ គឺជារឿងពីរខុសគ្នាស្រឡះ។ លោកសេង រិទ្ធី សហស្ថាបនិក និងនាយកសាលាអន្ដរជាតិហ្គោលដិនប្រ៊ីជភ្នំពេញ បានលើកឡើងថា មហិច្ឆតា គឺជាតម្រូវការដំបូងបំផុត សម្រាប់សកម្មភាពគ្រប់យ៉ាង ពោលគឺ បើគ្មានមហិច្ឆតាគឺគ្មានសកម្មភាព។ យ៉ាងណាមិញ លោកបានបន្ដថា ដើម្បីសម្រេចអ្វីមួយទៅបាន យើងត្រូវមានការតាំងចិត្តខ្ពស់ ហើយត្រូវសួរខ្លួនឯងថា ”តើខ្ញុំមានមហិច្ឆតាចង់ធ្វើអ្វី? តើខ្ញុំចង់សម្រេចបានអ្វីខ្លះ? តើអ្វីខ្លះដែលត្រូវកែប្រែ ដើម្បីសម្រេចគោលបំណងនេះបាន?”។
លោករិទ្ធីបានគូសបញ្ជាក់ថា កើតមកជាមនុស្សត្រូវតែមាន សេចក្តីស្រេកឃ្លាន ក្នុងការកែប្រែជីវិតខ្លួនឯង។ មនុស្សមួយចំនួនមានជីវិត ហាក់ដូចជាដេកលក់ពាក់កណ្តាល ស្វាងពាក់កណ្តាលអញ្ចឹង។ មនុស្សបែបនេះ ជាមនុស្សដែលមិនអាចកែប្រែខ្លួនឯងបានឡើយ ព្រោះមួយថ្ងៃៗពួកគេធ្វើតែរឿងដដែលៗ ដោយមិនដឹងថា ខ្លួនឯងចូលចិត្តអ្វីអោយពិតប្រាកដ ហើយគ្មានភាពរីករាយនឹង អ្វីដែលខ្លួនកំពុងធ្វើសោះឡើយ។
លោកបានបន្តថា មនុស្សប្រភេទនេះហើយ ដែលជាមនុស្សខ្វះមហិច្ឆតានៅក្នុងខ្លួន។ ពួកគាត់ខ្វះខាតនូវការឲ្យតម្លៃដល់ខ្លួនឯង មើលមិនឃើញភាពវិជ្ជមានរបស់ខ្លួន មើលមិនឃើញថា ខ្លួនអាចធ្វើអ្វីឲ្យមានន័យជាងនេះសម្រាប់ជីវិត។
ដូច្នេះ ចូរអ្នកចាំថា អ្វីៗទាំងអស់កើតឡើងបានដោយសារមហិច្ឆតា។ តួយ៉ាង ជាងច្នៃម៉ូតសម្លៀកបំពាក់ បើគ្មានមហិច្ឆតាចង់ច្នៃម៉ូតឲ្យប្រណិត ឡូយឆាយទេ គាត់ប្រាកដជាគិតមិនឃើញថា តើត្រូវធ្វើបែបណា ដើម្បីច្នៃប្រឌិតវាចេញមកបាន។ មួយវិញទៀត មហិច្ឆតានេះហើយ ជាកម្លាំងចលករជំរុញឲ្យអ្វីៗកើតឡើងទៅបាន។ បើយើងគ្មានភាពច្បាស់លាស់ថា ចង់បានអ្វីនោះទេ យើងមិនអាចកែប្រែអ្វីៗបានទាំងអស់។
គ្មានគោលដៅ គឺគ្មានការលូតលាស់ គ្មានភាពច្បាស់លាស់គឺគ្មានការផ្លាស់ប្តូរ
លោក សេង រិទ្ធី បានផ្តល់ដំបូន្មានថា អ្នកត្រូវតែឧស្សាហ៍សួរខ្លួនឯងថា “តើខ្ញុំត្រូវបន្តធ្វើអ្វីឡើងមួយកម្រិតទៀត?”។ ទោះបីជាអ្នកគិតថា បច្ចុប្បន្ននេះ អ្នកពេញចិត្តនូវអ្វីដែលខ្លួនមានហើយក្ដី ហើយគិតថាប៉ុណ្ណឹងគ្រប់គ្រាន់ហើយក្ដី ក៏អ្នកត្រូវតែសួរខ្លួនឯងទៀតថា “តើខ្ញុំត្រូវធ្វើអ្វីទៀត បន្ទាប់ពីមានអ្វីៗគ្រប់គ្រាន់ហើយនោះ?”លោក សេង រិទ្ធី បានសង្កត់ធ្ងន់ថា អ្នកមិនត្រូវមើលស្រាលខ្លួនឯង ដោយសារតែសមត្ថភាពរបស់អ្នក ក្នុងពេលបច្ចុប្បន្ននោះទេ។ មនុស្សមួយចំនួនមើលតែងមើលស្រាលសមត្ថភាពខ្លួនឯងជានិច្ច ពោលគឺ គំនិតពួកគេមើលឃើញតូចចង្អៀត ខ្វះខាត អន់ខ្សោយ ហើយពួកគេក៏បង្រួមមហិច្ឆតាខ្លួនបន្ដិចម្ដងៗរហូតដល់កាន់តែតូចទៅៗ។ ទាំងនេះបណ្តាលមកពី ពួកគេមើលទៅលើតែអ្វីដែលខ្លួនមិនអាចធ្វើបានក្នុងពេលបច្ចុប្បន្ន និងមើលទៅលើតែឋានៈតូចទាបរបស់ខ្លួន ដោយគ្មានជំនឿជឿជាក់ថា ខ្លួនអាចអភិវឌ្ឍជំនាញ សមត្ថភាព ចំណេះដឹង និងបទពិសោធន៍ឲ្យរីកចម្រើនបាន។ ពួកគេមើលមិនឃើញថា ខ្លួនអាចក្លាយជា មនុស្សមានសមត្ថភាពជាងមុន និងអាចរស់ក្នុងលំដាប់ប្រភេទមនុស្ស ដែលអាចសម្រេចគោលដៅបាន អាចមានអ្វីៗដែលខ្លួនប៉ងប្រាថ្នាបាន។ ដូច្នេះ ចូរអ្នកកុំបង្រួមមហិច្ឆតាខ្លួនឯងដោយសារសមត្ថភាពបច្ចុប្បន្ននេះ និងមិនត្រូវមើលស្រាលខ្លួនឯង ដោយសារភាពខ្វះខាតរបស់ខ្លួនក្នុងពេលបច្ចុប្បន្ននេះដាច់ខាត ព្រោះវាមិនពាក់ព័ន្ធទៅនឹងអនាគតរបស់អ្នកនោះទេ។ រឿងដែលសំខាន់គឺត្រូវមានគោលដៅជីវិតច្បាស់លាស់ ត្រូវដៅគោលដៅដោយខ្លួនឯង និងមានមហិច្ឆតាសម្រាប់ខ្លួនឯងដែលមិនមែនជាមហិច្ឆតា ដែលអ្នកដទៃជ្រើសរើសឲ្យយើងនោះទេ។ មហិច្ឆតារបស់អ្នកត្រូវតែចេញពីអ្នកខ្លួនឯងផ្ទាល់ តើអ្នកចង់ក្លាយជាអ្វី ហើយអ្នកចង់ធ្វើអ្វីឲ្យប្រាកដប្រជា។ អ្នកមិនត្រូវឲ្យអ្នកដទៃសម្រេចចិត្ត ជ្រើសយកមហិច្ឆតាណាមួយសម្រាប់អ្នកទេ វាប្រៀបដូចជា ឲ្យគេសម្រេចលើជោគវាសនាជីវិតអ្នកអញ្ចឹង។ អ្នកត្រូវដឹកនាំជីវិតរបស់អ្នកដោយខ្លួនអ្នកផ្ទាល់ ហើយអ្នកអាចធ្វើបាន នៅពេលដែលអ្នកមានមហិច្ឆតា និងភាពច្បាស់លាស់នៅក្នុងដំណើរសម្រេចមហិច្ឆតានេះយ៉ាងពិតប្រាកដ៕
-
ភាសាអង់គ្លេស គឺជាភាសាមួយដែលត្រូវបានប្រើប្រាស់ជាច្រើនប្រទេស នៅជុំវិញពិភពលោក។ វាពិតជាមានសារសំខាន់ សម្រាប់មនុស្សជាតិណាស់ ជាពិសេសប្រជាជនខ្មែរ ដែលកំពុងប្រកបរបររកស៊ី និងបំពេញការងារជាដើម គឺត្រូវការ ភាសាអង់គ្លេសជាចាំបាច់។ ម្ល៉ោះហើយទើបមាតាបិតា និងអាណាព្យាបាលសិស្ស តែងតែជំរុញកូនៗរបស់ខ្លួន ឲ្យសិក្សាភាសានេះជាភាសាទីពីរ។
លោក សេង រិទ្ធី ស្ថាបនិក និងជានាយកសាលាអន្តរជាតិហ្គោលដិនប៊្រីជភ្នំពេញ ហើយក៏ជា សាស្រ្តាចារ្យភាសាអង់គ្លេស នៅតាមសាកលវិទ្យាល័យល្បីៗមួយចំនួន បានលើកឡើងពីហេតុផលសំខាន់ ប្រាំយ៉ាង ដែលប្រជាជនខ្មែរគួរចេះភាសាអង់គ្លេស៖
១. ភាសាអង់គ្លេសត្រូវបានប្រើប្រាស់ជាទូទៅ ក្នុងចំណោមប្រជាជាតិ មកពីប្រទេសផ្សេងៗគ្នា។
២. ភាសាអង់គ្លេសមានសារសំខាន់យ៉ាងខ្លាំង ហើយគេបានប្រើវា ជាភាសាវិទ្យាសាស្រ្តទៀតផង។ ដូច្នេះហើយ ដើម្បីស្វែងយល់ពីវិទ្យាសាស្រ្ត អ្នកត្រូវតែចេះភាសាអង់គ្លេសឲ្យបានច្រើន។
៣. អ្នកអាចបង្រៀនភាសាអង់គ្លេសបន្តទៅអ្នកដទៃទៀត ដើម្បីរកកម្រៃបន្ថែម នៅពេលដែលអ្នកចេះប្រើប្រាស់វាបានល្អ។
៤. នៅក្នុងប្រទេសកម្ពុជា អ្នកចេះភាសាអង់គ្លេសភាគច្រើន រកចំណូលបានច្រើនជាង អ្នកមិនចេះភាសាអង់គ្លេស។
៥. ចេះប្រើប្រាស់ភាសាអង់គ្លេសបានល្អ នឹងអាចជួយបើកទូលាយនូវ ឱកាសលូតលាស់នៃសមត្ថភាពការងារ និងបង្កើនកម្រិតជីវភាពរស់នៅ ប្រចាំថ្ងៃរបស់អ្នក។
លោក សេង រិទ្ធី បានបន្ដថា ដោយសារតែវាមានសារសំខាន់ដូចនេះ ទើបយើងតែងតែជំរុញឲ្យ មាតាបិតាសិស្សបញ្ជូនកូនទៅរៀនភាសានេះបន្ថែម ដើម្បីបណ្ដុះបណ្តាលពួកគេ ឲ្យប្រើប្រាស់ភាសានេះបានយ៉ាងស្ទាត់ជំនាញ តាំងពីក្មេង គឺកាន់តែល្អ។
សាលាអន្តរជាតិហ្គោលដិនប៊្រីជភ្នំពេញ មានគម្រោងនឹងបង្កើតវគ្គសិក្សាមួយ ដែលបង្រៀនភាសាអង់គ្លេសក្រៅម៉ោង ដល់សិស្សចាប់ពីអាយុ ៧ឆ្នាំឡើងទៅ។ លោកបានបន្ថែមថា បើរៀនរយៈពេលមួយវគ្គ (៥០ម៉ោង) ហើយមិនអាចនិយាយបាន សាលានឹងប្រគល់ប្រាក់ជូនវិញទាំងអស់។
រីឯការសិក្សាវិញ គឺបង្រៀនដោយគ្រូជនជាតិដើម និយាយភាសាអង់គ្លេសចាប់ពីកម្រិតដំបូងតែម្តង។ លើសពីនេះទៅទៀត សាលានឹងបញ្ចុះតម្លៃជូន ៥០ភាគរយ សម្រាប់រយៈពេលមួយឆ្នាំផងដែរ។ ប្រសិនបើលោកអ្នកចាប់អារម្មណ៍ អាចទំនាក់ទំនងនៅការិយាល័យ សាលាអន្តរជាតិហ្គោលដិនប៊្រីជភ្នំពេញបាន។ វគ្គសិក្សានេះចាប់ផ្តើមនៅថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះហើយ៕ -
ការលើកទឹកចិត្តកូនរបស់លោកអ្នក ឲ្យចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Spelling Bee អាចជួយផ្តល់អត្ថប្រយោជន៍មួយចំនួន ដោយ Spelling Bee មិនត្រឹមតែផ្តល់បទពិសោធន៍ផ្នែកអប់រំដ៏មានតម្លៃ សម្រាប់កូនរបស់លោកអ្នកប៉ុណ្ណោះទេ តែថែមទាំងក៏អាចឲ្យកូនរបស់លោកអ្នក ចូលរួមក្នុងការប្រកួតប្រជែងដ៏ល្អមួយផងដែរ ហើយមានអត្ថប្រយោជន៍ផ្សេងៗទៀតយ៉ាងច្រើន ទទួលបានពីសកម្មភាពកំសាន្តនេះ។
ការសិក្សាអំពីវេយ្យាករណ៍
ដូចដែលអ្នកស្រី Linda Wood ដែលជាអតីតចៅក្រមនៃកម្មវិធី Scripps Spelling Bee បានលើកឡើងថា Spelling Bee មិនត្រឹមតែពាក់ព័ន្ធនឹង ការរៀនសូត្រអំពីពាក្យប៉ុណ្ណោះទេ ការរៀបចំឃ្មុំ (Bee) មួយគឺជា ដំណើរការរៀនសូត្រដ៏ទូលំទូលាយមួយ ដែលអាចឲ្យកុមាររៀនសូត្រអំពី និយមន័យ ការបញ្ចេញសម្លេង និងឬសគល់នៃពាក្យ។
ការពង្រឹងវាក្យសព្ទ
លទ្ធផលសិក្សាដ៏មានតម្លៃពីកម្មវិធី Spelling Bee ជួយឲ្យកុមារបង្កើនសមត្ថភាពផ្នែកវាក្យសព្ទ ហើយការណ៍នេះជួយឲ្យពួកគេមានលទ្ធភាពអាន និងសរសេរ។ លទ្ធភាពយល់ដឹងអំពីពាក្យកាន់តែច្រើន នឹងជួយឲ្យកូនរបស់លោកអ្នកក្លាយជាអក្ខរជន ហើយរីករាយក្នុងការអានសៀវភៅផ្សេងៗទៀតច្រើន។
ស្មារតីប្រកួតប្រជែង
កម្មវិធី Spelling Bee អាចឲ្យមនុស្សគ្រប់គ្នាប្រកួតប្រជែង ក្នុងបរិស្ថានប្រកបដោយការគាំទ្រ។ សកម្មភាពខួរក្បាល និងភាពរំភើបដែលកើតមានជាមួយនឹង Spelling Bee គ្រាន់តែជាការជំរុញការប្រកួតប្រជែងផ្នែករាងកាយប៉ុណ្ណោះ ដែលមានន័យថា ការប្រកួតប្រជែងទាំងមូលអាចចាក់បញ្ចូលសារធាតុជំរុញ ទៅក្នុងខ្លួនរបស់បេក្ខជន និងទស្សនិកជន។ ការប្រកួតប្រជែងប្រកបដោយមិត្តភាពត្រូវបានបង្កើតឡើង ហើយសិស្សត្រូវបានលើកទឹកចិត្ត ឲ្យនិយាយជាមួយអ្នកចូលរួមប្រកបប្រជែងផ្សេងទៀត ហើយបង្កើតបានជាមិត្តភាព។
ចំណេះដឹងកាន់តែទូលំទូលាយ
ការរៀនសូត្រពាក្យ អាចធ្វើឲ្យសិស្សចាប់អារម្មណ៍ក្នុងការតាមដាន ឆ្ពោះទៅរកប្រភពដើមនៃពាក្យមួយ និងដើមកំណើតរបស់ពាក្យនោះ។ ព័ត៌មាននេះនឹងពង្រឹងមូលដ្ឋានចំណេះដឹង របស់កុមារយ៉ាងខ្លាំង សូម្បីតែកុមារដែលទើបតែមានអាយុតិចនៅឡើយក្តី ហើយលើកទឹកចិត្តពួកគេ ឲ្យអភិវឌ្ឍចំណាប់អារម្មណ៍របស់ខ្លួនក្នុងការរៀនសូត្រពាក្យថ្មីៗ។
បំណិនពិចារណា
កម្មវិធី Spelling Bee នឹងអាចឲ្យកុមារអភិវឌ្ឍបំណិនពិចារណាមួយចំនួន រួមទាំងលទ្ធភាពដោះស្រាយទៅនឹងសម្ពាធផងដែរ។ ដំណើរការរៀនសូត្រអមជាមួយនឹងកម្មវិធី Spelling Bee ទំនងជាពង្រឹងការចងចាំរបស់កូនលោកអ្នក ហើយអាចឲ្យកូនរបស់លោកអ្នកអភិវឌ្ឍបំណិនរៀនសូត្របានកាន់តែប្រសើរ ដែលអាចជួយផ្តល់អត្ថប្រយោជន៍ខ្ពស់ ក្នុងអំឡុងការអប់រំឧត្តមសិក្សា។
ទំនុកចិត្ត
កម្រិតទំនុកចិត្តរបស់កុមារ ជាធម្មតាត្រូវបានជំរុញ បន្ទាប់ពីការចូលរួមក្នុងការប្រកួតប្រជែងបែបនេះ។ Spelling Bee ជួយពួកគេឲ្យបង្កើនទំនុកចិត្ត ដែលពួកគេត្រូវការ ដើម្បីនិយាយជាសាធារណៈ និងទទួលយកកំហុសរបស់ពួកគេ ខណៈពេលដែលទទួលយកការសាទរផងដែរ ដែលពួកគេសាកសមនឹងទទួលបាន បន្ទាប់ពីការធ្វើកិច្ចការដ៏លំបាករបស់ពួកគេ។
បើទោះជាកូនរបស់លោកអ្នកមិនឈ្នះក៏ដោយ ក៏ប្រការសំខាន់គួរចងចាំថា ការប្រកួតប្រជែង Spelling Bee អាចផ្តល់អត្ថប្រយោជន៍មួយចំនួន ដែលមានចាប់ពីការទទួលបានទំនុកចិត្តកាន់តែខ្ពស់ រហូតដល់ការរៀនសូត្រអំពីវាក្យស័ព្ទកាន់តែប្រសើរ៕
រៀបរៀងដោយ៖ សាលាអន្ដរជាតិហ្គោលដិនប្រ៊ីជភ្នំពេញ