វិធី ៥យ៉ាងដែលអាចជួយឱ្យកូនៗ អនឡាញប្រកបដោយសុវត្ថិភាព
បើគ្រួសាររបស់លោកអ្នករក្សាគម្លាតសង្គមដោយការស្ថិតនៅតែក្នុងផ្ទះក្នុងអំឡុងពេលមានការរីករាលដាលជំងឺកូវីដ-១៩ កូនៗទំនងជាចំណាយពេលច្រើនជាងមុនលើសកម្មភាពអនឡាញ។ កិច្ចការសាលា និងការជជែកកម្សាន្ត បានផ្លាស់ប្តូរទៅជាការធ្វើឡើងតាមអនឡាញ។
ការផ្សារភ្ជាប់ទំនាក់ទំនងរវាងគ្នានិងគ្នា ជួយឱ្យកុមារនិងក្មេងជំទង់កាត់បន្ថយផលប៉ះពាល់ពីរបៀបរស់នៅថ្មីដែលបង្កឡើងដោយជំងឺកូវីដ-១៩នេះ និងលើកទឹកចិត្តឱ្យពួកគេបន្តដើរឆ្ពោះទៅមុខជាមួយនឹងរបៀបរស់នៅថ្មីនេះ។ ប៉ុន្តែវាក៏បង្ហាញឱ្យឃើញផងដែរនូវបញ្ហាប្រឈមថ្មីៗមួយចំនួនក្នុងការចិញ្ចឹមកូនៗ។ តើលោកអ្នកអាចប្រើប្រាស់ឱ្យបានប្រសើរបំផុតនូវអ្វីដែលអ៊ីនធឺណិតផ្តល់ឱ្យយ៉ាងដូចម្តេច ខណៈពេលដែលកាត់បន្ថយគ្រោះថ្នាក់ដែលអាចកើតមាន? វាមិនងាយស្រួលឡើយ ហើយវាកាន់តែលំបាកថែមទៀតក្នុងអំឡុងពេលកំពុងប្រឈមនឹងវិបត្តិសុខាភិបាលដូចជាវិបត្តិជំងឺកូវីដ-១៩បែបនេះ។
វិធី ៥យ៉ាងដែលអាចជួយឱ្យកូនៗ អនឡាញប្រកបដោយសុវត្ថិភាព
១. រក្សាកូនៗឱ្យមានសុវត្ថិភាពតាមរយៈសន្ទនាដោយចំហរ
ចូរសន្ទនាដោយស្មោះត្រង់ជាមួយកូនរបស់លោកអ្នកអំពីថា តើពួកគេប្រាស្រ័យទាក់ទងជាមួយអ្នកណា និងដោយរបៀបណា។ ធ្វើឱ្យប្រាកដថា កូនៗយល់ដឹងពីគុណតម្លៃនៃការប្រាស្រ័យទាក់ទងបែបសុភារាបសា និងថា ការប្រាស្រ័យទាក់ទងក្នុងទម្រង់មិនល្អ បែបរើសអើង ឬមិនសមរម្យ មិនអាចទទួលយកបានឡើយ។ បើកូនៗលោកអ្នកជួបប្រទះទម្រង់ណាមួយក្នុងចំណោមទម្រង់ទាំងនេះ ចូរលើកទឹកចិត្តពួកគេឱ្យប្រាប់លោកអ្នក ឬមនុស្សចាស់ដែលទុកចិត្តភ្លាមៗ។ ចូរប្រយ័ត្ន បើកូនលោកអ្នកប្រែក្លាយជាសោកសៅ ឬមានការលាក់បាំងសកម្មភាពអនឡាញ ឬបើពួកគេកំពុងជួបប្រទះការបៀតបៀនតាមអ៊ីនធឺណិត។
២. ប្រើប្រាស់បច្ចេកវិទ្យាដើម្បីការពារកូនៗ
ពិនិត្យមើលថា តើឧបករណ៍អេឡិចត្រូនិច (ដូចជាទូរស័ព្ទ កុំព្យូទ័រជាដើម) របស់កូនលោកអ្នកកំពុងដំណើរការជាមួយសូហ្វវែរ (software) និងកម្មវិធីកម្ចាត់មេរោគស៊េរីចុងក្រោយបំផុតឬអត់ និងថា តើមានបើក (On) មុខងារកំណត់ឯកជនភាពឬអត់។ បិទម៉ាស៊ីនថត (webcam) នៅពេលមិនប្រើប្រាស់។ សម្រាប់កុមារតូចៗ មុខងារនានាដូចជា មុខងារ Parental control រួមទាំងមុខងារ Safe Search អាចជួយឱ្យសកម្មភាពអនឡាញធ្វើឡើងដោយភាពវិជ្ជមាន។
ចូរប្រយ័ត្នជាមួយនឹងសម្ភារសិក្សាតាមអនឡាញ។ កូនៗលោកអ្នកអាចផ្តល់ព័ត៌មានឯកជនរបស់ខ្លួនដើម្បីប្រើប្រាស់សម្ភារសិក្សាទាំងនេះ។ ចាំថា ត្រូវពិនិត្យមើលមុខងារកំណត់ឯកជនភាព (Privacy Settings) ដើម្បីកាត់បន្ថយការប្រមូលទិន្នន័យឯកជន។ ជួយកូនលោកអ្នកឱ្យរៀនរក្សាភាពឯកជននៃព័ត៌មានផ្ទាល់ខ្លួន ជាពិសេសរក្សាព័ត៌មាននេះពីមនុស្សចម្លែក។
៣. ចំណាយពេលលើការអនឡាញជាមួយកូនៗ
បង្កើតឱកាសឱ្យកូនៗលោកអ្នកសម្រាប់ការប្រាស្រ័យទាក់ទងតាមអនឡាញដោយសុវត្ថិភាព និងវិជ្ជមានជាមួយមិត្តភក្តិ គ្រួសារ និងលោកអ្នក។ ការផ្សារភ្ជាប់រវាងគ្នានឹងគ្នា មានសារៈសំខាន់ជាងពេលណាៗទាំងអស់ក្នុងអំឡុងពេលនេះ ហើយកត្តានេះអាចជាឱកាសល្អឥតខ្ចោះមួយសម្រាប់លោកអ្នក ដើម្បីធ្វើជាគំរូក្នុង “ការប្រាស្រ័យទាក់ទងតាមអនឡាញ”។
ជួយកូនលោកអ្នកឱ្យស្គាល់ និងចៀសវាងព័ត៌មានដែលបង្កឱ្យមានការយល់ខុស និងខ្លឹមសារព័ត៌មានដែលមិនសមស្របនឹងអាយុកាល ដែលអាចបង្កើនការភ័យខ្លាចវីរុសកូវីដ-១៩។
ចំណាយពេល ជាមួយកូនរបស់លោកអ្នក ដើម្បីជ្រើសយកកម្មវិធី (App) ហ្គេម និងការកម្សាន្តអនឡាញផ្សេងៗដែលសមស្របនឹងអាយុកាល។
៤. លើកទឹកចិត្តឱ្យមានទម្លាប់អនឡាញប្រកបដោយសុខភាពល្អ
លើកទឹកចិត្តកូនរបស់លោកអ្នកឱ្យមានចិត្តល្អ និងគោរពមិត្តរួមថ្នាក់ ក្នុងការប្រាស្រ័យទាក់ទងតាមអនឡាញ និងចៀសវាងការចូលរួមក្នុងការសន្ទនាតាមទូរស័ព្ទជាវីដេអូពីបន្ទប់គេង។
ស្វែងយល់ពីគោលនយោបាយ និងលេខទូរស័ព្ទរបស់សាលា ដើម្បីរាយការណ៍អំពីករណីបៀតបៀនតាមអ៊ីនធឺណិត ឬខ្លឹមសារអនឡាញមិនសមរម្យ។
ខណៈពេលដែលកុមារចំណាយពេលវេលាកាន់តែច្រើនលើអនឡាញ ពួកគេអាចប្រឈមនឹងការផ្សព្វផ្សាយពាណិជ្ជកម្មកាន់តែច្រើន ដែលអាចជំរុញឱ្យមានការញ៉ាំអាហារប៉ះពាល់សុខភាព បង្កើតផ្នត់គំនិតយេនឌ័រ ឬសម្ភារដែលមិនសមស្របនឹងអាយុកាល។ ជួយកូនៗឱ្យស្គាល់ការផ្សព្វផ្សាយពាណិជ្ជកម្មអនឡាញដែលល្អ និងមិនល្អ និងប្រើប្រាស់ឱកាសនេះ ដើម្បីរុករករួមគ្នានូវអ្វីដែលជាសារវិជ្ជមាន និងអវិជ្ជមាន ដែលលោកអ្នកមើលឃើញ។
៥. ទុកឱ្យកូនៗរីករាយ និងស្តែងចេញអារម្មណ៍ខ្លួនឯងផ្ទាល់
ការចំណាយពេលវេលានៅផ្ទះ អាចជាឱកាសដ៏អស្ចារ្យមួយសម្រាប់កូនៗ ដើម្បីឱ្យពួកគេនិយាយចេញនូវអ្វីដែលពួកគេចង់តាមសកម្មភាពអនឡាញដើម្បីចែករំលែកទស្សនៈល្អៗរបស់ពួកគេ។
លើកទឹកចិត្តកូនៗឱ្យទាញយកប្រយោជន៍ពីឧបករណ៍ឌីជីថល ដូចជាវីដេអូហាត់ប្រាញអនឡាញសម្រាប់កុមារ ហ្គេមវីដេអូដែលតម្រូវឱ្យពួកគេងើបឈរ និងធ្វើចលនារាងកាយជាដើម។
ចូរចាំថា ត្រូវធ្វើឱ្យមានតុល្យភាពរវាងការកម្សាន្តអនឡាញ (Online) និងសកម្មភាពអហ្វឡាញ (Off Line) រួមទាំងពេលវេលាក្រៅផ្ទះ តាមដែលអាចបើអាចធ្វើទៅបាន៕
រក្សាសិទ្ធិ៖ សាលាអន្តរជាតិហ្គោលដិនប្រ៊ីជភ្នំពេញ