ហេតុអ្វីបានជាជំនួបរវាងគ្រូនិងមាតាបិតាសិស្សសំខាន់ដល់ម្លឹង?

ជាទូទៅការជួបជុំរវាងគ្រូនិងអាណាព្យាបាលសិស្ស ប្រព្រឹត្តទៅរយៈពេលពី ១៥ ទៅ ២០នាទី។ ជំនួបនេះហាក់ដូចជាខ្លីបន្តិច ប៉ុន្តែមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយអោយគ្រូនិងមាតាបិតាសិស្សអាចបង្កើតទំនាក់ទំនងល្អ និងអភិវឌ្ឍគោលដៅចម្បងមួយដែលធ្វើយ៉ាងណា ជួយអោយកុមារទទួលបាននូវ បទពិសោធន៍ រៀនសូត្រដ៏ល្អបំផុតនៅសាលា។

ការកសាងភាពជាដៃគូ

ជំនួបរវាងគ្រូនិងមាតាបិតាសិស្សអាចជួយគ្រូនិងមាតាបិតាអភិវឌ្ឈបានជោគជ័យនូវភាពជាដៃគូ ក្នុងការជួយអោយកុមារសម្រេចបានជោគជ័យក្នុងការសិក្សានិងនៅក្នុងសង្គម។ លោកគ្រូអ្នកគ្រូតែងតែបង្ហាញ នូវវិធីសាស្ត្របង្រៀន ការពង្រឹងវិន័យដល់កុមារ និងគោលការណ៍ក្នុងថ្នាក់រៀន ជូនដល់មាតាបិតាសិស្ស។ រីឯមាតាបិតាសិស្សវិញ គួពិពណ៌នាពីសកម្មភាពរបស់កូនពេលចេញពីរៀន ទំនាក់ទំនងកូននិងក្រុមគ្រួសារ និងទម្លាប់របស់កូនចូលចិត្តធ្វើអ្វីនៅពេលទំនេរ ដើម្បីជាជំនួយអោយគ្រូបានដឹង ជាប្រយោជន៍គឺធ្វើអោយគ្រូងាយស្រួលក្នុងការបង្រៀននិងមើលថែទាំគាត់នៅសាលា។ ការបង្ហាញពីការយកចិត្តទុកដាក់ចំពោះការសិក្សារបស់កូនអោយគ្រូបានដឹង ដោយមាតាបិតាពន្យល់គ្រូពីរបៀបតាមដាន និងការជួយកូនរបស់ខ្លួនពេលធ្វើលំហាត់នៅផ្ទះនិងការងារផ្សេងៗដែលគ្រូបានដាក់អោយធ្វើ ការរីកចម្រើន និងចំណុចត្រូវកែតម្រូវ ។ល។ គឺជាតឹកតាងមួយដែលបានបញ្ជាក់ថាមាតាបិតាសិស្សគឺជាសមាជិកដ៏សកម្មរបស់សាលា ដោយមានទិសដៅរួម គឺធ្វើយ៉ាងណាអោយបុត្រធីតាទទួលបានជោគជ័យក្នុងការរៀនសូត្រ។

ការប្រមូលព័ត៌មាន

ធាតុផ្សំសំខាន់បំផុតនៃជំនួបគ្រូនិងអាណាព្យាបាលគឺការផ្លាស់ប្តូរព័ត៌មានគ្នារវាងគ្រូនិងអាណាព្យាបាល ស្តីពីការរីកចម្រើនរបស់កុមារក្នុងការសិក្សា និងចំណេះដឹងពីសង្គម។ មាតាបិតាសិស្សអាចត្រៀមជាសំណួរដើម្បីសួរគ្រូ ទាក់ទិនទៅនិងមុខវិជ្ជានិមួយៗ ដូចជា គណិតវិទ្យា ភាសា និងវិទ្យាសាស្ត្រ ជាដើម។ មាតាបិតាអាចសួរគ្រូពីទម្លាប់របស់កូនចូលចិត្តធ្វើអ្វីពេលចេញលេង ។ល។ ចំណែកគ្រូវិញ ប្រាកដជាបានត្រៀមលក្ខណៈគ្រប់គ្រាន់ហើយដើម្បីឆ្លើយតបសំណួររបស់អាណាព្យាបាល និងស្តាប់ពីកង្វល់ផ្សេងៗរបស់គាត់ផងដែរ។

ការរៀបចំផែនការ

សារៈសំខាន់ចុងក្រោយនៃជំនួបគ្រូនិងអាណាព្យាបាលគឺ ការរៀបចំផែនការដើម្បីជួយអោយកុមារបានឆ្លងផុតឧបសគ្គនិងភាពលំបាកក្នុងការរៀនសូត្រ ហើយអាចបន្តដំណើរទៅរកភាពជោគជ័យ។ គ្រូបន្ទុកថ្នាក់អាចណែនាំការបង្រៀនបន្ថែមនៅផ្ទះ ឬកិច្ចការផ្ទះបន្ថែម ឬម៉ោងបំប៉នពិសេសនៅសាលា ដើម្បីជួយពង្រឹងចំនុចខ្វះខាតរបស់កុមារ។ ចំពោះសិស្សដែលពូកែខ្លាំង គ្រូបន្ទុកថ្នាក់អាចនឹងដាក់កិច្ចការបន្ថែម ហើយភាគច្រើនមានភាពលំបាកជាងកិច្ចការសម្រាប់សិស្សដទៃ។

រក្សាសិទ្ធិ៖ សាលាអន្តរជាតិហ្គោលដិនប្រ៊ីជភ្នំពេញ